ភ្នំពេញ៖ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រសិន​បើលោក​ឧបនាយក​រដ្ឋមន្រ្តី ញឹក ប៊ុន ឆៃ ប្តឹង​សម្តេច​ក្រុម ព្រះនរោត្ត រណឫទ្ធិ ក៏ដូច​ជាប្តឹង​សម្តេច ហ៊ុន សែន អីចឹង​ដែរ។

សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ ក្នុង​ពិធី​បញ្ចុះខ័ណ្ឌសីមា និង​សម្ពោធ សមិទ្ធិ​ផល​នានា នៅក្នុង​វត្ដ នន្ទមុន្នី នាព្រឹក​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នេះ​ថា «ត្រង់ឆៃឯង​ប្តឹង ខ្ញុំអត់​មាន​ហាម​ខាត់​ទេ ប៉ុន្តែខ្ញុំគ្រាន់​តែប្រាប់​ថា បើឆៃឯង​ប្តឹង​សម្តេច​ក្រុម​ព្រះ មាន​តម្លៃស្មើ​នឹង​ឆៃឯង​ប្តឹងខ្ញុំ ព្រោះអី​សម្តេច​ក្រុមព្រះ នាំយន្ត​ហោះ ឧទ្ធម្ភាគ​ចក្ររបស់​ព្រះអង្គ ចេញទៅ​ត្រូវសុំ​ការ​អនុញ្ញាត​ពីនាយក​រដ្ឋមន្រ្តី មិនមែន​មានតែអ្នក​ណា​ក៏មាន​សិទ្ធិចេះតែយក​ចេញទៅ​តាម ទំនើង​ចិត្តនោះ​ទេ… ហើយបើ​ឆៃឯង យកអី​ទៅណា ក៏ត្រូវ​សុំច្បាប់​ដែរ»។

សម្តេច​នាយករដ្ឋ​មន្រ្តី បន្តថា តាម​ពិត​សម្តេចក្រុម​ព្រះមិន​បាន​ដឹងអ្វី​ទាំងអស់ ហើយ​ក៏គ្មាន​បំណង ទៅធ្វើជា​ប្រធាន​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិដែរ។ សម្តេច​តេជោ​បន្ថែមថា «ប៉ុន្តែមិន​នឹកស្មាន​ថា មានអ្នក​វិភាគមួយ​នោះមិន​ដឹងខ្យល់​អីសោះ… ដែល​វិទ្យអាស៊ីសេរី បាន​ដកស្រង់​សំដី​របស់ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​លោកបាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​នឹងមិន​អនុញ្ញាត​ឲ្យ សម្តេចក្រុមព្រះ ចូល​ឆាក​នយោបាយជា​ដាច់​ខាត កាល​ដែល​ចង់​ប្តឹង និងមិន​ចង់ប្តឹង គឺជា​ការសម្រេច​របស់គណបក្ស​ប្រជាជន​កម្ពុជា ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន នឹង​ឆ្លើយ​តបជា​មួយ​នឹង​ការគំរាម​កំហែង​នានា ដូចជា​ការបើក​កកាយ​ព័ត៌មាន​នានា ជាច្រើន​ទាក់ទង​នឹង​សម្តេច​ក្រុមព្រះ។ យើងខ្ញុំមើល​ឃើញទៅ បើព្រះ​អង្គ ចូលបក្ស​ប្រឆាំង បក្សកាន់​អំណាច​នឹង​ប្រតិកម្ម ហើយ​ប្រសិន​បើព័ត៌មាន​ខាងលើ​ជាការពិត​សម្តេច​ក្រុមព្រះ នឹង​ក្លាយ​ខ្លួន​ទៅ​ជាជន​ចំណាប់ខ្មាំង​នយោបាយ របស់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​ហើយ»។

សម្តេចតេ​ជោ បន្តថា សម្តេចក៏​បានសួរ​ត្រឡប់ទៅ​លោក ញឹក ប៊ុនឆៃ វិញ ហើយ​លោកក៏​បានប្រាប់​ថា នេះគ្រាន់​តែជា​ការផ្សព្វផ្សាយ​ព័ត៌មានទេ ព្រោះ​កាលពី​ពេល​កន្លង​មក មានមនុស្ស​ម្នាក់បាន​ប្រកាស នៅខេត្ត​កំពង់ធំ​ថា សម្តេច​ក្រុមព្រះនឹង​ទៅធ្វើជា​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ។

សម្តេច បន្ថែមថា «ម្យ៉ាងទៀត ទើបតែ​ធ្វើបុណ្យព្រះ​បរមសព ព្រះ​រតនកោដ្ឋ សម្តេច​ឪហើយ ទើបតែ​ជួបជុំ​ខ្សែព្រះ​រាជ​វង្សានុវង្ស​ហើយ …ខ្ញុំនឹង សម្តេច​ក្រុមព្រះ ទើបតែ​ដឹកដៃ​ជាមួយគ្នា យំជា​មួយគ្នា ដង្ហែ​ជាមួយ​គ្នា ហេតុអី​ក៏មក​ប្តឹង​គ្នា»៕ ដើមអម្ពិល

LILYSPORT.COM ព័ត៌​មាន​កីឡា​ធំ​ជា​គេ​នៅ​កម្ពុជា​តាមរយៈ​ទូរស័ព្ទ​ដៃ​ ចុចអាន។

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។