ភ្នំពេញ ៖ សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​ដោយ​ព្រមាន​ចំពោះ​អ្នក​ប្រព្រឹត្ដ​ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ នៅភូមិ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ មិន​ឱ្យរួច​ខ្លួន​នោះ​ឡើយ បន្ទាប់ពី​សម្ដេច​បាន​ឃើញ​ពីព្រឹត្ដិការណ៍ វាយ​កំទេចផ្ទះ​ប្រជា​ពលរដ្ឋ​អស់គ្មាន​សល់ នៅតំបន់​នោះ​អនុវត្ដ តាម​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ដព្រះសីហនុ ដែល​តម្រូវឱ្យ​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រា​បៀរ​លីអូ ឈ្នះក្ដី។

ការ​ព្រមាន​របស់​ប្រមុខ​នៃរាជ​រដ្ឋាភិបាល​ខាង​លើ​នេះ បានធ្វើ​ឡើង​ពេល​ដែល​សម្ដេច​បាន​អញ្ជើញ​ចូលរួម​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សម្ពោធ​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​បៃតង និង​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ ស្ដីពី​ការអភិវឌ្ឍន៍​បៃតង និង​ផែនការ​យុទ្ធ​សាស្ដ្រ​ជាតិ ស្ដីពី​ការអភិវឌ្ឍន៍​បៃតង ឆ្នាំ២០១៣​-២០៣០ នៅវិមាន​សន្ដិភាព នាព្រឹក​ថ្ងៃទី១៩ ខែ​មីនា ឆ្នាំ២០១៣​នេះ។

សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​មានប្រសាសន៍​ថា បន្ទាប់ពី​សម្ដេច​បាន​មើល វីដេអូឃ្លីប (យូធូប) ស្ដីពី​ការ​ឈូស​ឆាយ​ផ្ទះប្រជាពលរដ្ឋ​អ្នកភូមិ​កែវផុស កាលពី​ព្រឹក​ថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០១៣ កន្លង​ទៅនេះ សម្ដេច​ក៏បាន​ចេញសេចក្ដី​សម្រេច​មួយ ដោយ​និរាករណ៍​លើលិខិត​ស.ជ.ណ​របស់​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី ដោយ​សម្រេច​ប្រគល់ដី និង​កសាងផ្ទះ​ឡើងវិញ ជូន​ប្រជា​ពលរដ្ឋ​ទាំង ៤៩គ្រួសារ។

សម្ដេច​តេជោ ក៏បានព្រមាន​មិនអត់ឱន​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​បាន​ប្រព្រឹត្ដ​លើអ្នក​ភូមិ​កែវផុស ដោយ​សម្ដេច​បញ្ជាក់​ថា សំណុំ​រឿងកំពុង​ស្ថិតក្នុង​ដៃ​តុលាការ ហេតុអ្វី ក៏ទៅ​ឈូសឆាយ​បំផ្លាញ​ផ្ទះប្រជា​ពលរដ្ឋទៅ​វិញ៕ ដើមអម្ពិល

Hong-0037

ST-002

ST-006

S-015

S-017

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។