ខេត្ត​ក្រុងសៀមរាប៖ កូនប្រុស​របស់​លោក​ ​ឧកញ៉ា​ សៀង ​ណាំ ​ឈ្មោះ ​ណាំ ​លីណាល់​ រៀប​ការ​ជា​មួយ​កូន​ស្រី​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ នៅ​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា ​នាទី​ក្រុង​បាងកក ​ប្រទេស​ថៃ​ និង​កាត់​ចំណង​ដៃ ​នៅ​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៣ ​នៅ​រាជធានី​ភ្នំពេញ។

សេដ្ឋីល្បីឈ្មោះបោះ​សំឡេង ​នៅ​លើទឹ​ក​ដី​ខេត្តសៀមរាប​ លោក​ឧកញ៉ា ​សៀង​ ណាំ ​និង​ជា​ សមាជិក​រដ្ឋ​សភា ​នៃ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​ប្រាប់​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ នៅ​ក្នុង​សណ្ឋាគារ​របស់លោក ​នៅ​ក្រុង​សៀមរាប​ កាល​ពី​រសៀល​ថ្ងៃ​ទី​៤​ ខែ​ឧសភា ​ឆ្នាំ​២០១៣​ថា​ កូន​ប្រុស​​របស់​លោក ដែល​ជា​កូន​ពៅ​ឈ្មោះ ​ណាំ ​លីណាល់ ​រៀប​ការ​ជា​មួយ​នាង​ Phayapa Wongsawat (ផាយាបា វង្សសាវ៉ាត)​ ជា​កូន​ស្រី​របស់​អតីត​នាយករដ្ឋ​មន្រ្តីថៃ​ លោក ស៊ុមឆៃ​ វង្សសាវ៉ាត ​នៃ​គណបក្សភឿថៃ​ (ក្រុម​អាវ​ក្រហម​របស់​លោក ​ថាក់ ស៊ីន) ​នៅ​ថ្ងៃ​ទី​១៨​ ខែ​​ឧសភា ​ឆ្នាំ​២០១៣​ នៅ​ទី​ក្រុង​បាងកក ប្រទេសថៃ។

លោកឧកញ៉ា សៀង​ ណាំ ​បាន​ឲ្យ​ដឹង​បន្ត​ថា ​រៀប​ការ​នៅ​ទី​ក្រុង​បាងកក​នោះ​ លោក​នឹង​មិន​អញ្ជើញ​ភ្ញៀវ​ពី​ខ្មែរ​ទៅ​ច្រើន​ទេ «ពិសេស​ទៅ​ច្រើន​តែ​សាច់ញាតិ​ របស់​លោក​ឧកញ៉ា​ប៉ុណ្ណោះ​ និង​មាន​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​តូច​ រួម​មាន​លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ ​បាញ់,​ លោក​ឧបនាយករដ្ឋមន្រ្តី ​យឹម ​ឆាយលី​ និង​លោក ​ជា សុផារ៉ា ​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ​ហ៊ុន សែន»។

ប៉ុន្តែ ​លោកឧកញ៉ា ក្រោយពីរៀបការ​រួច​បាន​ចំនួន​មួយ​អាទិត្យ ​នឹង​កាត់​ចំណង​ដៃ ​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៣ ​នាសណ្ឋាគារ ​SOFITEL PHNOM PENH​ ដោយ​លោក​បាន​អញ្ជើញ​មន្ត្រី ​នៅ ​គណៈ​រដ្ឋ​មន្រ្តី​ទាំង​​អស់ «ពិសេសមាន ​​សម្តេចតេជោ​ ហ៊ុន ​សែន​ លោក​ជំទាវ​ ព្រម​ទាំង​បុត្រា​ បុត្រី​របស់​សម្តេច​ចូល​រួម​ ជា​ភ្ញៀវ​មហាកិត្តិយស​បំផុត រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត ​សរុប​ចំនួន​៨០០នាក់»។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

vp-55

បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។